បាត់ដំបង៖ បែកគំនិតគ្រងស្បង់ជាព្រះសង្ឃ ដើរបិណ្ឌបាតតាមភូមិហើយតម្រូវយកតែបច្ច័យ សមត្ថកិច្ចសង្ស័យសាកសួរទើបដឹងថាជាសង្ឃក្លែងក្លាយ។
នគរបាលបានឲ្យដឹងថា ក្រោយពលរដ្ឋរាយការណ៍ នគរបាលផ្នែកជំនាញស្រុកថ្មគោល សហការជាមួយកម្លាំង ប៉ុស្តិរដ្ឋបាលជ្រៃ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំខ្លួនបុរសក្លែងជាសង្ឃដើរបិណ្ឌបាតយកតែបច្ច័យ នៅក្នុងក្រុមទី០២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មកធ្វើការសាកសួរ។

បុរសក្លែងជាសង្ឃរូបនេះ ឈ្មោះលឹម ចាន់វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជេីង ស្រុកដងទង់ ខេត្តកំពត។ មុនឈានដល់ការកាក់ដំណេីរ សង្ឃក្លែងក្លាយខាងលើមកសាកសួរ ដោយសារសមត្ថ កិច្ចមូលដ្ឋានបានទទួលព័ត៌មានពីពលរដ្ឋ ក្រោយសង្កេតឃេីញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតតែមួយអង្គឯង ហេីយចម្លែកត្រង់ដើរបិណ្ឌបាតតម្រូវយកតែបច្ច័យ រីឯចង្ហាន់មិនទទួលទេ។ ទេីបសមត្ថកិច្ចស្រាវជ្រាវនាំខ្លួនមកសាកសួរ។ ទីបំផុតបុរសក្លែងខ្លួនជាសង្ឃខាងលើបានសារភាពថា ខ្លួនមិនមែនជាព្រះសង្ឃពិតប្រាកដនោះទេ មុននឹងមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង គេបានទៅលួចយកស្បង់ចីវរ បាត ព្រមទាំងថង់យាម របស់ព្រះសង្ឃដែលគង់នៅវត្តមួយនៅក្នុងខេត្តបន្ទាយមានជ័យ ហេីយក៏ដេីរបិណ្ឌបាតតែម្តង។

បន្ទាប់ពីការពិនិត្យ សាកសួរ សគរបាលបានរកឃេីញថ្នាំញៀនមួយថង់តូចដែលរក្សាទុកនៅក្នុងកញ្ចប់បារីមាន ទម្ងន់០,៥៧ក្រាម។ បច្ចុប្បន្នបុរសក្លែងខ្លួនជាសង្ឃ ត្រូវបាននគរបាល សហការជាមួយមន្រ្តីធម្មការស្រុក ខេត្ត ដេីម្បីមានចំណាត់ការ តាមផ្នែកសាសនា មុននឹងចាត់វិធានការបន្តតាមនីតិវិធី រដ្ឋបាល៕
អត្ថបទ៖ ដំបងក្រញូង

