
នៅព្រលប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថានៅថ្ងៃទីដប់បួនដែលជាថ្ងៃចុងក្រោយនៃយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានរយៈពេល១៤ គឺបណ្ដាគណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនាយ៉ាងផុលផុសនៅទូទាំងប្រទេស ជាពិសេសសកម្មភាពហែរក្បួនទ្រង់ទ្រាយធំគួរឱ្យកត់សម្គាល់។
គ.ជ.ប បានឱ្យដឹងអំពីចំនួនអ្នកចូលរួមឃោសនាបោះឆ្នោតនៅរាជធានី ខេត្តចំនួន៣ ក្នុងនោះរាជធានីភ្នំពេញមានការហែរក្បួនគណបក្សនយោបាយចំនួន៣ ស្មើនឹងមនុស្សប្រមាណ៥ម៉ឺន៣ពាន់៨០០នាក់, សៀមរាបមានការហែរក្បួនពីគណបក្សនយោបាយចំនួន៣ ស្មើនឹងមនុស្សប្រមាណ៧ម៉ឺន២ពាន់៦៤នាក់ និងនៅខេត្តស្វាយរៀងមានគណបក្សនយោបាយ៤បានដង្ហែរក្បួន ដោយមានមនុស្សចូលរួមប្រមាណ៣ម៉ឺន១ពាន់៣៦២នាក់។
បើតាម គ.ជ.ប សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។
គួរកត់សម្គាល់ថានៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ គណបក្សនយោបាយទាំង១៧នឹងត្រូវបញ្ឈប់ទាំងស្រុងនូវសកម្មភាពឃោសនារកសំឡេងឆ្នោត។ រយៈពេល២៤ម៉ោងនៃថ្ងៃទី៤ ខែមិថុនាស្អែកនេះ គឺជាថ្ងៃ ស ដែលគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវរក្សាភាពស្ងៀបស្ងាត់។ ការលក់ដូរ និងទទួលទានគ្រឿងស្រវឹងក៏ត្រូវបានផ្អាកទូទាំងប្រទេសដែរចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ៕

