នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២នេះ សារព័ត៌មានត្រយងទទួលដំណឹងមកថា សមាជិកក្រុមកំប្លែង Peypedy នាង «កាហ័ង» បានបើករថយន្ត Mazda 6 ក្នុងល្បឿនលឿនជ្រុលបុកជាមួយម៉ូតូឌ្រីម C125 ផ្លោងមនុស្សឡើងលើ បណ្ដាលឱ្យបុរសម្នាក់រងបួសធ្ងន់ នាវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី ៤ នេះ នៅម្ដុំស្តុបអាំងទឹកអូឡាំពិក។

តាមការរៀបរាប់របស់ កាហ័ង ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ខ្លួនធ្វើដំណើរនៅលើផ្លូវត្រង់ចេញពីចំណុចក្ដាន់ពីរ សំដៅមកស្ដាតអូឡាំពិក ក៏ប៉ុន្ដែមានខ្លួនមិនចាប់អារម្មណ៍ថា មានម៉ូតូបើកឆ្លងកាត់ពីមុខនោះទេ ទើបបណ្ដាលឱ្យបុកមួយទំហឹងតែម្ដង។ នាងក៏បានសារភាពបន្ថែមថា ខ្លួនបានធ្វើដំណើរត្រឡប់មកផ្ទះវិញ ហើយខ្លួនមានទទួលទានជាតិស្រវឹង។

យ៉ាងណាមិញ ប្រភពនៅទីកន្លែងកើតហេតុបានអះអាងថា សមាជិកក្រុមកំប្លែង Peypeydy បើករថយន្តបុកហើយព្យាយាមបើករត់គេច ទាំងម៉ូតូជាប់នៅក្រោមរថយន្តតាំងពីពេទ្យសម្ភពក្រុង រហូតមកដល់ស្តុបអាំងទឹកអូឡាំពិក ទើបរថយន្តទៅមុខលែងរួចតែម្តង។ សភាពរបស់រថយន្ត គឺខ្ទេចខាងមុខយ៉ាងដំណំ ហើយម៉ូតូត្រូវដាច់ជាពីរកំណាត់។

តាមសម្ដីរបស់ប៉ូលីសមូលដ្ឋាននៅទីនោះបានអះអាងថា បុរសដែលរងរបួសធ្ងន់នៅក្នុងហេតុការណ៍នោះ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ និងបានឃាត់ខ្លួនតារាសម្ដែង កាហ័ង ទុកដើម្បីកសាងសំណុំរឿង៕

Share.