នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​របស់​ទូរទស្សន៍​ហង្សមាស​ ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​និង​តាម​កញ្ចក់​ទូរទស្សន៍​ហាក់​មាន​ភាព​ស្រឡាំង​កាំង​បន្តិច​ដែរ​នៅពេល​ដែល​តារា​ចម្រៀង​ ឈិន​ ម៉ានិច្ច​ ស្រាប់​តែ​ចូលតួ​​ទៅ​ក្នុង​បទ​ចម្រៀង​ដែល​ខ្លួន​កំពុង​ច្រៀង​រហូត​មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់​ ច្រៀង​បណ្ដើរ​បណ្ដោយ​ឱ្យ​ទឹក​ភ្នែក​ហូរ​សស្រាក់​​បណ្ដើរ​។

បុប្ផា​ដ៏ស្រស់​សោភា​ទាំង​៤​ទង់​របស់​ហង្សមាស​ មាន​ដូច​ជា​តារា​ចម្រៀង​ សុគន្ធ នីសា ប៉ាច​ គីមមួយ​ កែវ សុបញ្ញា និង​ ឈិន ម៉ានិច្ច​ បាន​ចូលរួម​ច្រៀង​ជា​កិត្តិយស​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ហង្សមាស​ ដោយ​ក្នុង​នោះ​កញ្ញា​ ឈិន ម៉ា​និច្ច​បាន​​លើក​យក​បទ​ «ស្រលាញ់​អូន​ម្ដង​ទៀត​បាន​ទេ» ដែល​ជា​សំនៀង​ដើម​របស់​​អ្នក​នាង​ សុគន្ធ​ នីសា មក​បក​ស្រាយ​។

បទ​ចម្រៀង​ស្នេហា​ដ៏​សែន​ស្រងេះស្រងោច​រៀបរាប់​ពី​អារម្មណ៍​របស់​នារី​ម្នាក់​ដែល​​នៅ​តែ​ស្រលាញ់​អតី​ត​សង្សារ​របស់​ខ្លួន​ ហើយ​ទទូច​ចង់​បុរស​ដែល​ខ្លួន​ស្រលាញ់​វិល​មក​ស្រលាញ់​ខ្លួន​ដូច​កាល​ពី​ថ្ងៃ​ចាស់​ ​​ស៊ី​​គ្នា​នឹង​​​ទឹក​សំឡេង​​ដ៏​ពីរោះ​របស់​​អ្នក​នាង​ ឈិន ម៉ានិច្ច​ រហូត​អាច​សង្កត់​ដួងចិត្ត​អ្នក​ទស្សនា​ឱ្យ​កលន្លង់​លន្លោច​ទៅ​តាម​បទ​ចម្រៀង​។

យ៉ាង​ណា​មិញ​នៅ​ពេល​ដែល​ច្រៀង​បទ​នេះ​បាន​ជិត​ពាក់​កណ្ដាល​បទ​ ស្រាប់​តែ​សំឡេង​របស់​អ្នក​នាង​ ឈិន ម៉ានិច្ច​ចាប់​ផ្ដើម​អួល​អាក់​ ហ់ើយ​នៅ​ពេល​ដែល​ច្រៀង​បាន​ពាក់​កណ្ដាល​បទ​ ទំនង​ជា​អ្នក​នាង​ទប់​លែង​ជាប់​ ទើប​​អ្នក​នាង​បណ្ដោយ​ឱ្យ​ទឹក​ភ្នែក​ហូរ​រហាម​ជោគ​ថ្ពាល់​តែម្ដង​។

ប៉ុន្តែ​ដោយ​សារ​តែ​អារម្មណ៍​ចូលតួ​របស់​អ្នក​នាង​ ឈិន ម៉ានិច្ច​ ជ្រុល​ខ្លាំង​ទើប​ធ្វើ​ឱ្យ​អ្នក​នាង​ពិបាក​នឹង​​អាច​ច្រៀង​បាន​យ៉ាង​រលូន​ធ្វើ​ឱ្យ​រៀម​ច្បង​​ដែល​ជា​ម្ចាស់​ចម្រៀង​ដើម​ឡើង​មក​ជួយ​ច្រៀង​គ្នា​ ហើយ​ទិដ្ឋភាព​​នៃ​មិត្ត​ភាព​ដ៏​ស្រស់​បំព្រង​នេះ​ត្រូវ​បាន​មហាជ​ន​សាទរ​និង​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​នាង​ សុគន្ធ​ និសា​ យ៉ាង​ខ្លាំង​ ជា​ពិសេស​ធ្វើ​ឱ្យ​​បទ​ចម្រៀង​នេះ​នៅ​តែ​អាច​បញ្ចប់​ទៅ​ដោយ​រលូន​និង​ពីរោះ​ជាប់​ក្នុង​បេះដូង​អ្នក​គាំទ្រ​៕

ទស្សនា​ការ​ច្រៀង​បទ​ចម្រៀង​ «ស្រលាញ់​អូន​ម្ដង​ទៀត​បាន​ទេ» របស់​ ឈិន ម៉ានិច្ច​ ខាង​ក្រោម​៖

Share.