ភ្នំពេញ ៖ បុរសម្នាក់ឆ្លៀតឱកាសឃើញសោជាប់នឹងម៉ូតូស្រាប់ ឡើងបញ្ឆេះបម្រុងជិះចេញ ត្រូវបានម្ចាស់ក្រឡេកឃើញទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅខាងក្រោយវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើមានឈ្មោះខៀវ ម៉េង ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាការពារបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ម្ចាស់ម៉ូតូ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IS-6942 ទៅចតទុកមុខផ្ទះ មិនបានដកកូនសោចេញ ចូលក្នុងផ្ទះរវល់តែប្តូរខោអាវដែលទទឹកសើម ស្រាប់តែជនសង្ស័យធ្វើដំណើថ្មើរជើងទៅឃើញ ឆ្លៀតឡើងបញ្ឆេះបម្រុងជិះចេញ ក្រឡេកឃើញទាន់ស្ទុះចេញមកចាប់ ឃាត់ប្រគល់ឲ្យសមត្ថកិច្ច តែឆែកនៅហោប៉ាវឃើញដែកសម្រាប់ឆ្កឹះសោ១ដើម ។

ក្រោយពីឃាត់ខ្លួនបុរសរូបនេះចូលប៉ុស្តិ៍នគរបាល ជនរងគ្រោះបានសុំមិនប្តឹងផ្តល់អ្វីឡើយ សុំយកតែម៉ូតូទៅផ្ទះវិញ ចំពោះបុរសខាងលើ សុំឲ្យសមត្ថកិច្ចធ្វើការអប់រំ មុននឹងអនុញ្ញាតិឲ្យវិលត្រឡប់ទៅវិញ ៕

Share.