ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿងបើកល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តហុីយ៉ាន់ដាយដឹកត្រី កំពុងឈប់ចតស្ងៀម បណ្តាលឲ្យកៀបជាប់ស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ នង សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត3A-1157 ដឹកត្រី បើកពីកើតទៅលិច ហើយឈប់ចតស្ងៀមត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IL-7456 បើកលឿនពីកើតទៅលិច ជ្រុលបុកពីក្រោយរថយន្ត បណ្តាលឲ្យកៀបជាប់ពីក្រោយ ស្លាប់អ្នកបើកកង់បី នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួល បានគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូកង់បី សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖សេង សាវី

Share.