ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានលោកខាងលិច និង ប្រឆាំងនឹងការផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ខណៈទីក្រុងមូស្គូបានអះអាងថា ខ្លួនបានវាយប្រហារគោលដៅក្នុងទីក្រុង Kyiv ដោយបំផ្លាញរថក្រោះ និង រថពាសដែកផ្សេងទៀតដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។

លោក ពូទីន ព្រមានថា លោកនឹងវាយលុកគោលដៅថ្មី​ ប្រសិនប្រព័ន្ធរ៉ុក្កែតទំនើបត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយបន្ថែមថា ការបញ្ជូនអាវុធថ្មីទៅកាន់ទីក្រុង Kyiv គឺសំដៅលើ «ការពន្យាជម្លោះ»។

មន្រ្តីរុស្ស៊ីបានព្រមានម្ដងហើយម្ដងទៀតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់អាវុធ និង ប្រព័ន្ធរ៉ុក្កែតទំនើបដល់អ៊ុយក្រែន អាចធ្វើឲ្យជម្លោះរវាងប្រទេសទាំង២ កាន់តែធ្ងន់ធ្ងរ។

ថ្លែងទៅកាន់ប៉ុស្ដិ៍ទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-1 លោក ពូទីនបាននិយាយថា «ភាពច្របូកច្របល់» ជុំវិញការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន គឺដើម្បីអូសបន្លាយជម្លោះ។ លោក បានព្រមានដែរថា «ប្រសិនបើមីស៊ីលប្រភេទនេះត្រូវបានប្រគល់ពិតមែន នោះយើងនឹងបង្កើនការវាយប្រហារលើគោលដៅទាំងនោះដែលយើងមិនធ្លាប់បានវាយប្រហារពីមុនមក»។

ទន្ទឹមនឹងនោះ លោក ពូទីន មិនបានបញ្ជាក់ពីឈ្មោះគោលដៅដែលលោកនឹងអាចវាយប្រហារបន្ថែមនោះទេ ដោយគ្រាន់តែព្រមានថាបើសិនជាបន្ដផ្ដល់នោះសង្រ្គាមនៅគោលដៅថ្មីៗ នឹងលេចឡើង។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក Joe Biden បានប្រែចិត្តប្រគល់មីស៊ីលចម្ងាយឆ្ងាយប្រភេទ HIMARS ឲ្យអ៊ុយក្រែនវិញ នៅពេលដែលទីក្រុង Kyiv បានសន្យាថា មិនបង្កហេតុលើទឹកដីនៃប្រទេសរុស្ស៊ីឡើយ៕

ប្រភព៖ Aljazeera

Share.