អាជ្ញាធរក្នុងរដ្ឋ Pennsylvania បាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និង ១១នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារទៅលើហ្វូងមនុស្សនៅកណ្ដាលទីក្រុង Philadelphia នៃសហរដ្ឋអាមេរិក។
ហេតុការណ៍បាញ់ប្រហារនេះកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ លើផ្លូវដ៏មមាញឹកនៅកណ្ដាលទីក្រុង Philadelphia ដែលជាកន្លែងកំសាន្ដពេលរាត្រី។

ស្នងការប៉ូលីសក្នុងតំបន់បានឲ្យដឹងថា បុរស ២នាក់ និង ស្រ្តីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយសង្កេតឃើញថា មានខ្មាន់កាំភ្លើងសកម្មជាច្រើននាក់ បានបាញ់ប្រហារទៅលើហ្វូងមនុស្ស។
យោងតាមការស៊ើបអង្កេតជាបឋមបានឲ្យដឹងថា ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង ៣នាក់ គឺ ជាប់ពាក់ព័ន្ធក្នុង «ការវាយតប់គ្នា» ជាមួយនឹងបុរសម្នាក់ទៀត ហើយអ្នកទាំង ២បានចាប់ផ្ដើមបាញ់គ្នាទៅវិញទៅមក ដោយប្រើកាំភ្លើង។

ប៉ូលីសបានឲ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ មានអាយុ ២២ឆ្នាំ ២៧ឆ្នាំ និង ៣៤ឆ្នាំ ខណៈអ្នករងរបួសមួយចំនួន មានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៦៩ឆ្នាំ ដែលជាជនស្លូតត្រង់។
ទោះជាយ៉ាងណា រហូតមកដល់ពេលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មិនមានការចាប់ខ្លួននរណាម្នាក់នោះទេ៕

