(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជាបានប្រកាសគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានរូបភាពគំរាមកំហែងនោះឡើយ។
គណបក្សយុវជនកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស ហើយគណបក្សយុវជនកម្ពុជា គឺបានចូលរួមប្រកួតប្រជែងផងដែរនោះ បានកត់សម្គាល់ឃើញថា ដំណើរការ នៃការបោះឆ្នោត គឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និង ក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករផងដែរ»៕

