បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះជាជោគជ័យធំមួយសម្រាប់កម្ពុជាឆ្ពោះទៅបន្តលើកកម្ពស់ការអភិវឌ្ឍ។

ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ក្នុងមណ្ឌលអនុវិទ្យាល័យ សោហឺ ខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចាប់តាំងពីមុន និងមកដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះសម្តេចបានកត់សម្គាល់ឃើញថាគ្រប់គណ:បក្សនយោបាយទាំង១៧ បានអនុវត្តសកម្មភាពដូចប្រក្រតីដោយសេរីត្រឹមត្រូវស្របតាមច្បាប់។

សម្តេច ស ខេង បានបន្តថា ការបោះឆ្នោតអាណត្តិទី៥ ២០២២នេះ ជាជោគជ័យមួយធំសម្រាប់ប្រទេសជាតិរបស់យើង ដែលវាជាកត្តាមួយរារាំងកុំឲ្យមានសង្គ្រាម កុំឲ្យមានការបែកបាក់ ផ្ទុយទៅវិញគឺវាសញ្ញាមួយយ៉ាងល្អសំដៅដល់ការរីកចម្រើនក្នុងមូលដ្ឋានថែមទៀត។

យោងតាមរបាយការណ៍របស់គណ:កម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង ឲ្យដឹងថា គណ:បក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីខេត្តបាត់ដំបង មានគណ:បក្សនយោបាយសរុបចំនួន ១០គណ:បក្ស និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការមានជាង៦៣ម៉ឺននាក់៕
អត្ថបទ៖ ដំបងក្រញូង

