គេនៅចាំបានថា អតីត Miss Grand ឆ្នាំ ២០១៧ គឺកញ្ញា មុន្នី ម៉ូនីតា បានបោះជំហ៊ានយ៉ាងរលូននៅលើវិថីសម្ដែងភាពយន្ត បន្ទាប់ពីកញ្ញាបញ្ចប់ក្នុងការប្រកួតភ្លាមៗ។ តារាស្រីរូបនេះ មិនត្រឹមមានរូបសម្រស់ស្អាត ញញឹមស្រស់ទាក់ចិត្តមហាជននោះទេ កញ្ញាក៏បានទាំងកម្ពស់ថែមទៀត ដូចជាអំណោយផលឱ្យសិល្បៈពីចុងជើងដល់សក់តែម្ដង។

កញ្ញា មុន្នី ម៉ូនីតា នៅពេលថ្មីៗនេះបានចូលរួមសម្ដែងខ្សែភាពយន្តភាគខ្មែរមួយដែលមានចំណងជើងថា «រសជាតិអ្នកមាន វគ្គ ៣» វគ្គហេឡូអ្នកម៉ាក់ របស់ស្ថានីយទូរទស្សន៍ PNN។ ចួបសម្ភាសនឹងអ្នកសារព័ត៌មានត្រយង កញ្ញាថា ការសម្ដែងខ្សែភាពយន្តភាគខ្មែរមួយនេះ គឺមានឧបសគ្គច្រើន ប៉ុន្ដែទាំងអស់នេះ កញ្ញារាប់ថាជាបទពិសោធន៍ថ្មីដែលគួររៀនសូត្រពីសិល្បៈនៃការសម្ដែង។

ម៉ូនីតា បានរៀបរាប់ប្រាប់ថា សម្ដែងនៅក្នុងខ្សែភាពយន្តភាគ «រសជាតិអ្នកមាន វគ្គ ៣» នេះកញ្ញសម្ដែងជាតួក្មេងស្រីដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយ ហើយមិនចូលចិត្តការសិក្សា និងសម្ដីខ្លាំងដាក់ម្ដាយ រហូតរត់ចេញពីផ្ទះដល់មានគ្រួសារ និងជួបទុក្ខលំបាកវេទនាជាច្រើនក្នុងជីវិត។ បើទោះបីជាខ្សែជីវិតនៅក្នុងរឿងមានជាតិជូជត់បន្តិចក៏ពិតមែន តែដោយសារការតស៊ូ និងទទួលបានបទពិសោធន៍ជីវិត នាងក៏បានក្លាយជាអគ្គនាយិកាក្រុមហ៊ុនមួយកន្លែង។
ខ្សែភាពយន្តភាគ «រសជាតិអ្នកមាន វគ្គ ៣» គឺបានលាតត្រដាងពីទុក្ខលំបាករបស់ស្ត្រីមេម៉ាយ ៤នាក់ ដែលមានបញ្ហាចាក់ស្រេះក្នុងសង្គមគ្រួសារ។ កញ្ញា មុន្នី ម៉ូនីតា បានបញ្ជាក់ថា រឿងភាគមួយនេះគឺមានគ្រប់រសជាតិតែម្ដង សំខាន់ជាងគេគឺតម្លៃអប់រំរបស់រឿង ដែលអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង លោកស្រី ពាន់ ភួងបុប្ផា បានលើកឡើងមកផលិត ឱ្យចាក់ចិត្តមហាជនអ្នកទស្សនា។

រឿងភាគ «រសជាតិអ្នកមាន វគ្គ ៣» នឹងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និង Premiere នៅ Facebook Page PNN Drama Live រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់ ភាគដំបូងនៅថ្ងៃទី ៦ ខែមិថុនា នេះតែម្ដង៕








