(ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) វាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា មានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្សា។
ការវាយតម្លៃរបស់ក្រុមរបស់អង្គការមួយនេះបានធ្វើឡើងបន្ទាប់បានបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។
បើតាមអង្គការ CAPDI ពេលមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២២ គណៈ ប្រតិភូរបស់ខ្លួនបានជួបជាមួយ គ.ជ.ប និងថ្នាក់ដឹកនាំគណបក្សនយោបាយសំខាន់ៗ ហើយត្រូវបាន គ.ជ.ប ពន្យល់លម្អិតអំពីដំណើរការ និងរបៀបរៀបចំការបោះឆ្នោតឆ្នាំ២០២២ ប្រកបដោយតម្លាភាព។
CAPDI បានបញ្ជាក់បន្ថែមថា គណៈប្រតិភូក៏បានជួបជាមួយអ្នកសង្កេតការណ៍ជាតិ បេសកកម្មសង្កេតការណ៍របស់អង្គការអន្តរជាតិ និង អ្នកបោះឆ្នោត។ លក្ខខណ្ឌនានាត្រូវបានគេយកមកប្រើ ដើម្បីតាមដានការបោះឆ្នោត ពិនិត្យមើលភាព បើកចំហ សេរីភាព និងតម្លាភាពនៃដំណើរការបោះឆ្នោត។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានទៅមើលការិយាល័យបោះឆ្នោតភ្លាមៗ មុនពេលបើក និងមើល បុគ្គលិក គ.ជ.ប រៀបចំដើម្បីធានាឱ្យដំណើរការបោះឆ្នោតបានត្រឹមត្រូវ ស្របតាមការប្តេជ្ញាចិត្តរបស់អន្តរជាតិ។ គណៈប្រតិភូបានកត់សម្គាល់ឃើញថា អត្រាអ្នកទៅបោះឆ្នោតមានភាពល្អប្រសើរ ហើយបុគ្គលិក គ. ជ.ប ក៏បានធ្វើការដោយភាពត្រឹមត្រូវ និងភាពស្មោះត្រង់ផងដែរ។ ដើម្បីទទួលបានការយល់ដឹងច្រើនបំផុត អំពីដំណើរការបោះឆ្នោត គណៈប្រតិភូបានអនុវត្តសកម្មភាពសង្កេតការណ៍របស់ខ្លួននៅតាមការិយាល័យ បោះឆ្នោតចំនួនប្រាំមួយ នៅតាមតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ និងស្រុកមុខកំពូល។
បើតាមCAPDI បរិយាកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថា មានភាពស្ងប់ស្ងាត់ សន្តិភាព និង អហិង្សា។ គណៈ ប្រតិភូមិនបានសង្កេតឃើញមានការតវ៉ាណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២២នោះទេ៕


