មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសរបស់ខ្លួន និង សហរដ្ឋអាមេរិក បានបាញើមីស៊ីលចំនួន ៨គ្រាប់ នៅព្រឹកថ្ងៃច័ន្ទ ទី ០៦ ខែ មិថុនា នេះ នៅ​ឯឆ្នេរសមុទ្រភាគខាងកើតប្រទេស បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់សម្ដីរបស់យោធាកូរ៉េខាងត្បូងថា សកម្មភាពនេះគឺជាការបង្ហាញពី «សមត្ថភាព និង ការត្រៀមខ្លួនក្នុងការអនុវត្តការវាយប្រហារយ៉ាងជាក់លាក់» ប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីដែលទើបចូលកាន់តំណែងកាលពីខែមុន លោក Yoon Suk-yeol បានប្ដេជ្ញាប្រកាន់ជំហរតឹងរឹងប្រឆាំងនឹងកូរ៉េខាងជើង និង បានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងកិច្ចប្រជុំកំពូលនាខែឧសភា ក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវសមយុទ្ធយោធារួមគ្នា និង ឥរិយាបថរារាំងរួមបញ្ជូលគ្នារបស់ពួកគេ។

សារព័ត៌មាន Yonhap បានរាយការណ៍ថា កងកម្លាំងយោធាកូរ៉េខាងត្បូង និង អាមេរិក បានបាញ់បង្ហោះកាំជ្រួចមីស៊ីល ATACMS ចំនួន ៨គ្រាប់ ដូចគ្នាក្នុងរយៈពេល ១០នាទី នៅម៉ោង ៤:៤៥នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក)។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយថា សមយុទ្ធនេះរួមមានកាំជ្រួចរបស់កងទ័ពអាមេរិក ១គ្រាប់ និង ៧គ្រាប់ទៀតរបស់កូរ៉េខាងត្បូង ខណៈការបាញ់មីស៊ីលរួមគ្នានេះបានបង្ហាញពីសមត្ថភាព និង ឥរិយាបថសំដៅលើប្រភពដើមនៃការបង្កហេតុរបស់កងកម្លាំងសត្រូវ។

សូមជម្រាបថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ប្រហែលជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ហើយបានកើតឡើង ១ថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមគ្នា។ ប៉ុន្ដែទោះជាយ៉ាងណាប្រទេសទាំង ២នេះ មានការព្រួយបារម្ភជាខ្លាំង ដោយថា កូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់ខ្លួននាពេលខាងមុខនេះ៕

ប្រភព៖ CNA

Share.