ព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្ស០៣នាក់ រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តនៅ។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ៈ១០នាទី ស្ថិតនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក PRUIS ពណ៌ឈាមជ្រូក មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកនឹងរថយន្តមួយគ្រឿងម៉ាកLUXES 350 ពណ៌ស ទិសដៅព្រះសីហនុ ទៅភ្នំពេញបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់។
រថយន្តរងគ្រោះទាំងពីរគ្រឿង ទី១ ម៉ាក PRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ2C-2141 បើកបរដោយឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ក្នុងនោះមានអ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន០២នាក់។
ចំណែករថយន្តទី២ម៉ាក LUXES 350 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-1838 បើកបរដោយឈ្មោះ បុន សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសត្រូវបានសាច់ញាត្តិយកទៅសពេទ្យភ្នំពេញ។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីចង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

