ភ្នំពេញ ៖ រថយន្តជនជាតិចិន បើកបុកម៉ូតូនិចពីក្រោយជិះគ្នា៣នាក់ បណ្ដាលឲ្យធ្លាក់នារីម្នាក់អង្គុយក្រោយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី០៦ខែមិថុនា ឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខ បាត់ដំបង1AM02-0241 ជិះឌុបគ្នា៣នាក់ ក្នុងនោះស្រីម្នាក់អង្គុយក្រោយគេធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្របពេលមានរថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT-8813 បើកបរដោយជនជាតិចិនជ្រុលបុកពីក្រោយបណ្ដាលឲ្យម៉ូតូរេចង្កូតធ្លាក់នារីរងគ្រោះនៅខាងក្រោយគេរួចរថយន្តកិននារីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯ២នាក់ទៀតមិនមានរងរបួសនោះទេ ចំណែកអ្នកបើកបររថយន្ដបង្កជាជនជាតិចិនត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ឲ្យកម្លាំងសមត្ថកិច្ចដើម្បីនាំទៅប៉ុស្តិ៍នគបាលចោមចៅ ទី៣ធ្វើការសាកសួរ។

សពនារីរងគ្រោះមានឈ្មោះ ស្រស់លិកា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិ កញ្ចុំ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបររថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖សេង សាវី

