ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី យិច ឈាណាវី នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ ភេទស្រីអាយុ៤០ ឆ្នាំ មុខរបរ ជាអ្នករកស៊ី និង បកប្រែភាសបរទេស មានទីលំនៅផ្ទះជួល ផ្លូវA សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  ដាក់ពន្ធនាគារព្រៃសម២ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស លុយប្រមាណ២០ ម៉ឺនដុល្លារ។

ការចាប់ខ្លួនស្រ្តីរូបនេះ ត្រូវបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរគ្រោះ ។ យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ ឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ បានទៅលួងលោមអូសទាញជនរងគ្រោះ ថា គេមានក្រុមហ៊ុនមួយឈ្មោះ សុខម៉ាល់ធីម៉ិច ឌីវីឡុបមិន អ៊ីអេនស៊ី ជាក្រុមហ៊ុនរកស៊ីទិញលក់ មាស និងទទួលបញ្ញើក្នុងក្រៅប្រទេស មានទីតាំងស្ថិតនៅផ្ទះលេ ខ៥២z ផ្លូវលេខ៤០២ សង្កា ត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវការអ្នករកស៊ីចូលហ៊ុនជាមួយ ។ បន្ទាប់មកឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ បានប្រាប់ជនរងគ្រោះថា គេបានទិញមាសជាច្រើននៅប្រទេសកេនយ៉ា អស់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ប៉ុន្តែដោយមានបញ្ហាជម្ងឺកូវីដ-១៩ ផ្ទុះឡើង គេក៏មិនអាចនាំមាសនោះ ចូលមកក្នុងប្រទេសកម្ពុជាបាន ។ ឥឡូវនេះគេចង់យកមាស៣គីឡូក្រាមមកស្រុកខ្មែរ តែត្រូវការសោហ៊ុយសេវាដឹកជញ្ជូនចំនួន ១០០០០ ដុល្លារ ដូច្នោះគេ(ជនសង្ស័យ) ក៏បានតម្រូវឲ្យជនរងគ្រោះចេញលុយនោះសិន លក់បានចំណេញចែកគ្នាស្មើ ។ ក្រោយមកជនរងគ្រោះបានចំណាយប្រាក់អស់ប្រមាណ ២០ម៉ឺន ដុល្លារអាមេរិក ទើបបែកធ្លាយដល់កូនដឹងរឿងម្តាយចាញ់ល្បិចកលជនឆបោក ក៏ប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចាប់ខ្លួនជននោះ នាំយកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ចតុមុខ

Share.