តារាសម្ដែង និងជាតារាចម្រៀង ហេង ប៊ុនលាភ គេទើបតែឃើញលេចមុខវិលចូលប្រឡូកសិល្បៈឡើងវិញកាលពីខែ មេសា ក្នុងការថតបទចម្រៀងចូលឆ្នាំឱ្យផលិតកម្ម Davitra ហើយលោកក៏បានបញ្ចេញចម្រៀងទោលរបស់ខ្លួនបានចំនួនច្រើនបទដែរ។ យ៉ាងណាមិញ គេនៅមិនទាន់ឃើញតារាប្រុសចាស់វស្សារូបនេះ មានទីផ្សារសម្ដែងភាពយន្តនៅឡើយទេ។

បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយូរបន្តិចមែន តែលោក ហេង ប៊ុនលាភ នៅរក្សាបានរូបរាងសង្ហាដដែល មិនចាញ់តារាសក្រក្រោយប៉ុន្មានទេ។ ថ្មីៗនេះ គេបានឃើញលោក ហេង ប៊ុនលាភ មានទីផ្សារថតបង្ហាញម៉ូដឱ្យហាងសម្លៀកបំពាក់បុរសនារី នៅក្នុងនោះ លោកពិតជាជះភាពសង្ហារបស់លោក ស័ក្ដសមជាមួយសម្លៀកបំពាក់ម៉ូដស្អាតៗ។ គេនៅមិនទាន់ច្បាស់ថា លោក ហេង ប៊ុនលាភ មានតម្លៃខ្ពស់ខ្លួនក្នុងទីផ្សារសិល្បៈដដែល ឬថមថយនោះទេ ព្រោះលោកក៏បានដកឃ្លាពីសិល្បៈយូរគ្រាន់បើដែរ។

គេនៅចាំបានថា លោក ហេង ប៊ុនលាភ គឺជា​អតីត​ប្រុសស្អាត​ចំណាត់​ថ្នាក់​លេខ​២ កាលពី​ឆ្នាំ​២០០១ ហើយ​លោក​ក៏​បាន​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម SSB ដោយ​មាន​លោក ហ្វៃ សំអាង ជា​អ្នក​ផ្ចុងផ្តើម។ ក្រៅពីមានទីផ្សារចម្រៀងហើយ លោកក៏មានទីផ្សារភាពយន្តខ្លាំងក្លាមិនចាញ់គ្នាឡើយ រហូតដល់លោកត្រូវបានអញ្ជើញឱ្យសម្ដែងជាដៃគូអ្នកនាង ដាញ់ ម៉ូនីកា សឹងតែគ្រប់ភាពយន្តក្នុងស្រុក។

ស្របពេល​ដែល​ទីផ្សារ​ចម្រៀង និង​សម្តែង​កាន់តែ​មាន​សន្ទុះ គេស្រាប់តែ​ឃើញលោក ហេង ប៊ុនលាភ បាន​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី​ស្រស់សោភា​របស់​ថៅកែ​ឡូនេសាទ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ​២០០៧ ហើយ​លោក​ក៏​បាន​ផ្អាក​ការងារ​សិល្បៈ ស្រវា​ចាប់​យក​ជំនួញ​ដែល​មាន​ចំណូល​ខ្ពស់​ជាង​សិល្បៈតែម្ដង៕

Share.