នៅថ្ងៃអង្គារ៍ ទី ០៧ ខែ មិថុនា មុននេះបន្ដិច ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្តប្រើប្រាស់ច្បាប់សម័យសង្រ្គាម ដើម្បីជំរុញការផកលិតបន្ទះសឡា ស្រូបពន្លឺព្រះអាទិត្យក្នុងស្រុក រួមជាមួយនឹងប្រភេទផ្សេងទៀតនៃការបង្កើតថាមពលបៃតង។
លោក Joe Biden បានស្ដីបន្ទោសរុស្ស៊ីចំពោះវិបត្តិដែលកំពុងកើតមាននៅសហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសរបស់លោកប្រហែលជាមិនអាចផលិតអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នោះទេ ដោយសារតែជម្លោះនៅអ៊ុយក្រែន។

លោក Biden បានប្រកាសភាពអាសន្នផ្នែកថាមពលនាថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា «សន្តិសុខជាតិ និង គុណភាពនៃជីវិត ត្រូវបានរងគ្រោះថ្នាក់ដោយកង្វះខាតការផ្គត់ផ្គង់ថាមពល។ លោកបន្ដថា កត្តាជាច្រើនកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ការផលិតអគ្គិសនី ឲ្យបានគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការអតិថិជនតាមការរំពឹងទុក»។
លោក ថា «កត្តាទាំងនេះរួមមានការរំខាននៃទីផ្សារថាមពល ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និង ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ»។

ការប្រកាសអាសន្នរបស់លោក Biden រួមមានការលើកលែងរយៈពេល ២ឆ្នាំ ពីពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ ពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ មានដូចជា៖ ប្រទេស កម្ពុជា ម៉ាឡេស៊ី ថៃ និង វៀតណាម។
ពន្ធដែលបានស្នើឡើងត្រូវបានស្ដីបន្ទោសចំពោះការពន្យារពេលគម្រោងថាមពលព្រះអាទិត្យសំខាន់ៗ នៅក្នុងសហរដ្ឋអាមេរិក ខណៈប្រហែល ២ភាគ៣ នៃបន្ទះថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងនៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីអាស៊ីអាគ្នេយ៍។

ទន្ទឹមនោះ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានស្ដីបន្ទោសរុស្ស៊ីចំពោះតម្លៃប្រេងខ្ពស់បំផុត របស់អាមេរិក និង ការកើនឡើងនៃអតិផរណាដល់កម្រិតខ្ពស់រយៈពេល ៤០ឆ្នាំ ស្របពេលលោកបានចាត់ទុកវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតឡើង ក៏ព្រោះតែជម្លោះរុស្ស៊ី និង អ៊ុយក្រែនដែរ៕

