ព្រះសីហនុ ៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ជាកូនភ្លោះ ម្នាក់បានស្លាប់ ម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍ ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តកុងតឺន័រ កាលពីម៉េាង០២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨- ១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះបានស្លាប់ ឈ្មោះ ប៉ាក់ ស្រីធំ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ កម្មកររោងចក្រទឹកសុទ្ធ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ ប៉ាក ស្រីតូច ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រទឹកសុទ្ធ ទាំង២នាក់ជាបងប្អូនបង្កើត ជាកូនភ្លោះ មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J-6270 ឌុបគ្នាចេញពីផ្លូវសម្តចព្រះសង្ឃរាជទេពវង្ស ពីជើងទៅត្បូង ឡើងផ្លូវជាតិជ្រុលលបុករថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0934 របស់ក្រុមហ៊ុន សុ កន បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយកើតហេតុ សពក្មេងស្រីត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំង២ គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
