អនុរដ្ឋមន្រ្តីការបរទេសលោកស្រី Wendy Sherman បាននិយាយថា នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ពិភពលោក ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។
លោកស្រី Sherman បានប្រាប់អ្នកយកព័ត៌មាននាថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun –dong ក្នុងទីក្រុង សេអ៊ូលថា «ការសាកល្បងនុយក្លេអ៊ែរណាមួយ នឹងបំពានទាំងស្រុងលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ហើយនឹងមានការឆ្លើយតបយ៉ាងរហ័ស និង ម៉ឺងម៉ាតចំពោះការសាកល្បងបែបនេះ»។

លោកស្រីបន្ដថា «ពិភពលោកទាំងមូលនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត និង ច្បាស់លាស់។ យើងបានត្រៀមខ្លួនរួចហើយ»។ ប៉ុន្ដែទោះជាយ៉ាងណា លោកស្រី Sherman បានបញ្ជាក់ជាថ្មីថា រដ្ឋបាលអាមេរិកនៅតែបើកចំហចំពោះកិច្ចចរចាស្ដីពីបញ្ហាប្រទេសកូរ៉េ។

ទាក់ទិននឹងករណីនេះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលក្នុងចំនួនមិនធ្លាប់មានពីមុនមកនៅឆ្នាំនេះ នឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ឆាប់ៗនេះ។

កាលពីថ្ងៃច័ន្ទ កងកម្លាំងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន ៨គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូងដើម្បីជាការឆ្លើយតប មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចូលទឹកដីកូរ៉េខាងត្បូងក្រោយពេលកូរ៉េខាងត្បូង និង អាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នានៅទីក្រុងសេអ៊ូល៕

