ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងបើកបរលឿនដល់ផ្លូវកោងបួងចង្កូតខ្លាំងពេកបណ្ដាលអោយក្រឡាប់ទៅប៉ះរថយន្តស្តារិចមួយគ្រឿងដែលចតស្ងៀមនៅចិញ្ចើមផ្លូវរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅវេលាម៉ោង១២នឹង១០នាទីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងថ្មីសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងម៉ាកHINOពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1693បើកបរដោបុរសម្នាក់ធ្វើដំណើរតាមផ្លូវបេតុងថ្មីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវកោងបួងចង្កូតខ្លាំងពេកក៏បណ្ដាលឲ្យក្រឡាប់បះជើងទៅប៉ះរថយន្តស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-6005ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្ដាលអោយខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ សំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មិនបង្កឱ្យមានអ្នករបួសនោះឬបាត់បង់ជីវិតនោះឡើយ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានឲ្យភាគីខាងក្រុមហ៊ុនហៅរថយន្តស្ទូចមកលើករថយន្តក្រឡុកស៊ីម៉ង់ត៍ចេញដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖សេង សាវី
