កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រដេញស្ទាក់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើ សកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ទូច សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆែម ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកានីរោងចក្រ រស់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាកស្កុបពីពណ៌ស ធ្វើដំណើរតាមផ្លូវ ដោយដាក់កាបូបក្នុងឃ្លុមម៉ូតូខាងមុខ ជិះពីលិចទៅកើតដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-4129 តាមពីក្រោយ ហើយធ្វើសកម្មភាពឆក់ទាញ យកកាបូប បានសម្រេច ព្យាយាមជិះរត់គេច ត្រូវបានជនរងគ្រោះជិះតាម ស្រែកឆោឡោ ផ្អើលពលរដ្ឋដេញស្ទាក់ចាប់ខ្លួនបាន។

នៅក្នុងកាបូប មានប្រាក់ចំនួន ៧០.០០០រៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង និងប័ណ្ណចាក់វ៉ាក់សាំងចំនួន០២សន្លឹក និងប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹក ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.