ភ្នំពេញ៖ ម៉ូតូបើកលឿន អកស៊ឺនឹងឡានខាងមុខ ដែលអកស៊ឺត ពីឡានឈប់ចតលើស្ពានព្រោះអស់ម៉ាស៊ូត បណ្ដាលឲ្យម៉ូតូបុកពេញទំហឹង បណ្ដាលបុរសម្នាក់បាត់បង់ជីវិត។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានថា ដំបូងឡើយមានរថយន្ត Masda មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចលើស្ពានអាកាសផ្សារដីហុយ ក៏បានអស់ម៉ាស៊ូត ឈប់នៅលើស្ពានបង្ករការកកស្ទះចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្ត NX200T មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BG-5275 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ អកសឺក៏ត្រូវ ម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FA-5930 ជិះដោយបុរសពីរនាក់ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន មកបុកពីក្រោយ បុកពេញទំហឹង បណ្ដាលឱ្យម៉ូតូរងការខូចខាតផ្នែកខាងមុខ​ដោយបាក់កម៉ូតូ ឯរថយន្តរងការខូចខាតផ្នែកខាងក្រោយមួយចំហៀង ឯអ្នកបើកបរម៉ូតូដួលបោកក្បាលនឹង ស្ពាន បណ្ដាលឲ្យបាក់កបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឯអ្នករួមដំណើរពីក្រោយរងរបួសស្រាល។ សពជនរងគ្រោះមានឈ្មោះ សុផល ភេទប្រុស អាយុ 19 ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្ដុំជម្ពូវ័ន។

ករណីដ៏រន្ធត់នេះកើតឡើងកាលពី វេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2022 នៅចំនុចលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចនាំយកម៉ូតូនិងរថយន្ត យកទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.