ទូរទស្សន៍រដ្ឋអ៉ឺរ៉ង់បាននិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៉ឺរ៉ង់ កាលពីព្រឹកថ្ងៃ ពុធ ទី ០៨ ខែ មិថុនានេះ​ បណ្ដាលឲ្យអ្នកដំណើរចំនួន ១០នាក់ស្លាប់ និង ៥០នាក់ទៀតរងរបួស។

យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា ចំនួនអ្នកស្លាប់ និង រងរបួសអាចនឹងកើនឡើង ថ្វីបើព័ត៌មានលម្អិតដំបូងពីគ្រោះថ្នាក់នេះ នៅតែមិនទាន់ដឹងច្បាស់ក៏ដោយ។​

សេចក្ដីរាយការណ៍ ទូរថភ្លើងចំនួន ៤ ក្នុងចំណោមទូរថភ្លើងចំនួន ៧ បានក្រឡាប់ធ្លាក់ផ្លូវ ក្នុងភាពងងឹតនាព្រឹកព្រលឹម ក្បែរទីក្រុងវាលខ្សាច់ Tabas។

ក្រុមជួយសង្រ្គោះបានជិះរថយន្តសង្រ្គោះបន្ទាន់ និង ឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង មកដល់តំបន់ដាច់ស្រយាលដែលជាកន្លែងកើតហេតុខាងលើនេះ។

ហេតុការណ៍នេះកើតឡើងប្រហែល ៥០គីឡូម៉ែត្រ ទៅកាន់ទីក្រុង Tabas និង ប្រហែល ៥៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានី Tehran ជួបគ្រោះថ្នាក់នៅលើផ្លូវដែកដែលតភ្ជាប់ទីក្រុង Yazd។ ប៉ុន្ដែទោះជាយ៉ាងណា ហេតុការណ៍កំពុងស្ថិតក្រោមការស៊ើបអង្កេតពីមូលហេតុច្បាស់លាស់។

ទាក់ទិននឹងករណីធ្លាក់រថភ្លើងនេះ កាលពីឆ្នាំ ២០១៦ មានករណីធ្លាក់រថភ្លើងបែបនេះដូចគ្នា ដោយកាលនោះបានសម្លាប់មនុស្សជាច្រើន និង បង្កឲ្យមនុស្សរាប់សិបនាក់ទៀតរបួស។

សូមជម្រាបថា ប្រទេសអ៉ឺរ៉ង់មានករណីស្លាប់ប្រចាំឆ្នាំដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ១ម៉ឺននាក់ស្លាប់នៅលើផ្លូវហាយវេ ដែលអ៉ឺរ៉ង់បានជាប់កំណត់ត្រាសុវត្ថិភាពចរាចរណ៍ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ ខណៈចំនួនអ្នកស្លាប់ខ្ពស់ត្រូវបានបន្ទោសលើការមិនគោរពច្បាប់ចរាចរណ៍ យានយន្ដគ្មានសុវត្ថិភាព និង សេវាសង្រ្គោះបន្ទាន់មិនគ្រប់គ្រាន់៕

ប្រភព៖ AP News

Share.