បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទជាបន្តបន្ទាប់ចំនួន៩នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរសព្ទដៃស្រ្តីម្នាក់តាមផ្លូវ នៅក្រុងប៉ោយប៉ែត។

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ ដែលជាក្រុមចោរឆក់យ៉ាងសកម្មនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្រ្តីម្នាក់ ថាមានករណីឆក់ទូរសព្ទកាលពីរំលងអាធ្រាតុ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅម្តុំខារ៉ាអូខេ អេហ្វផ្លាស សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបន្ថែមថា ជំហ៊ានដំបូង នគរបាលឃាត់បានជនសង្ស័យជាអ្នកទទួលផលចោរកម្មម្នាក់ ដកហូតបានទូរសព្ទចំនួន២គ្រឿង ម៉ាក Iphon 12 pro Max រួចប្រគល់ឲ្យម្ចាស់ដើមវិញ។ បន្ទាប់ពីសាកសួរកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្ទាប់រហូតសរុបចំនួន៩នាក់ និងដកហូតបានកាំបិតសាំរ៉ៃ៣ដើម និងកាំបិតកែច្នៃ២ដើម រួមទាំងម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យប្រុស/ស្រីទាំង៩នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់បន្តតាមនីតិវិធី៕
អត្ថបទ៖ ប៉ោយប៉ែត

