បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវក្របួចបានមុខសញ្ញាបង្កអសន្តិសុខឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវចំនួន ២នាក់ទៀតបញ្ជូនទៅសាលាដំបូង។
ជនសង្ស័យឈ្មោះហេង សៀងហ៊ ហៅ ហ៊ួរ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ កំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះធា ឆេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល បានប្រាប់ឲ្យដឹងថា អនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវផ្អែកតាមជំនាញរហូតកំណត់មុខសញ្ញាឈានដល់ការនាំខ្លួនជនសង្ស័យបានចំនួន ២នាក់មកធ្វើការសាកសួរ និងផ្ទៀងផ្ទាត់ជាមួយភិនភាគដែលជនរងគ្រោះបានឃើញពេលដែលជនបង្កធ្វើសកម្មភាពល្មើស។ បន្ទាប់ពីបានធ្វើសកម្មភាពចំនួន២ករណីផ្សេង ដោយមួយករណីប្រព្រឹត្តថ្ងៃទី២៤ ខែមេសា និងមួយករណីទៀតប្រព្រឹត្តនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ចំណុច ភូមិសាស្ត្រក្រុង បាត់ដំបង រួចគេចខ្លួនបាត់ទើបជនរងគ្រោះរត់មកប្តឹងដល់នគរបាលជំនាញ។

ហើយនៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះកម្លាំងការិយាល័យជំនាញ បានបញ្ចប់ការសាកសួររួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅកាន់សាលាដំ បូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថទប៖ ដំបងក្រញូង

