យុវជនក្នុងប្រទេសឥណ្ឌូនេស៊ី ៣នាក់ នាំគ្នារត់ចូលរថយន្ដកុងតឺន័រ ព្រោះពួកគេបានចូលរួមលេងល្បែងភ្នាល់គ្នាក្នុងបណ្ដាញសង្គម Tiktok ដោយបណ្ដាលឲ្យមនុស្ស ២នាក់ បានបាត់បង់ជីវិត ចំណែក ១នាក់ទៀត រួចផុតជីវិតពីគ្រោះថ្នាក់ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុក។

សារព័ត៌មានក្នុងស្រុកនៅប្រទេសឥណ្ឌូនេស៊ី បានចេញផ្សាយថា យុវជនមានអាយុ ១៨ឆ្នាំម្នាក់ មកពីទីក្រុង Tangerang បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលដែលគេរត់ចូលទៅខាងមុខរថយន្ដកុងតឺន័រដែលកំពុងបើកលើផ្លូវ ដើម្បីចូលលេងក្នុង Content ដែលមានក្នុង Tiktok មួយឈ្មោះថា «Prank Malaikut Maut» ឬ ប្រែជាភាសាអង់គ្លេសថា «The Angel of Death Prank»។

ក្រោយកើតហេតុគណនី Twitter ផ្លូវការទីក្រុង Tangerang បានកាត់ត Blur និង បង្ហោះវីដេអូគ្រោះថ្នាក់នេះ ដោយសរសេរថា «សកម្មភាពមិនប្រយ័ត្នរបស់ក្រុមយុវជន ក្នុងការបញ្ឈប់រថយន្ដនៅតាមដងផ្លូវ បានសម្លាប់មនុស្ស»។

ហេតុការណ៍នេះបានកើតឡើងត្រឹមតែ ១ថ្ងៃ បន្ទាប់ពីក្មេងប្រុងជំទង់ ២នាក់ នៅក្នុងទីក្រុង Bandung ត្រូវបានរាយការណ៍ថា បានលោតចូលទៅមុខរថយន្ដដឹកទំនិញ ភ្លាមៗមានក្មេងប្រុសម្នាក់បានរត់ចេញពីមុខរថយន្ដទាន់ពេល ខណៈក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ទៀតត្រូវបានរថយន្ដបុកបណ្ដាលឲ្បបាក់ឆ្អឹងលលាដ៍ក្បាល និង បាក់ធ្មេញ ប៉ុន្ដែសំណាងល្អមិនបណ្ដាលឲ្យបាត់បង់ជីវិត។

ទាក់ទិននឹងករណីនេះ ប៉ូលីសក្នុងតំបន់បាននិយាយថា មានអនីតិជនប្រមាណជា ១៤នាក់ នៅក្នុងទីក្រុង ត្រូវបានឃុំខ្លួននៅថ្ងៃតែមួយ ដោយមានការសង្ស័យថា ពួកគេបានធ្វើសកម្មភាពស្រដៀងគ្នានេះ៕

ប្រភព៖ Yahoo!News

Share.