ភ្នំពេញ៖លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងប្ដឹងសារទុក្ខរបស់ជនជាប់ចោទ៣នាក់ពាក់ព័ន្ធនឹងបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៥គីឡូក្រាម។
ជនជាប់ចោទទាំង៣នាក់រួមមាន៖ ១.ឈ្មោះ ម៉េង ឌី ភេទប្រុសអាយុ២២ឆ្នាំ ២.ឈ្មោះ ផា ភារុណ ភេទប្រុសអាយុ២១ឆ្នាំ ៣.ឈ្មោះ ប៊ុន ធឿនធានី ភេទប្រុសអាយុ២៤ឆ្នាំ បានសារភាពថាពួកគេពិតជាបានជួញដូរ គឿង ញៀនមែន និងសូមឲ្យតុលាការបន្ធូរបន្ថយទោស។ ពេលបញ្ចប់សចនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២ ប្រកាសសាលដីកា។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់នេះត្រូវបានចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៣០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៤០ លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៥គីឡូក្រាម នៅចំណុច ខារ៉ាអូខេយីហោ ៥៦ រីករាយ ផ្លូវ២៣០ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២០ ៕

អត្ថបទ៖ចតុមុខ
