ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារលើមិត្តរួមការងាររបស់ខ្លួននៅឯរោងចក្រមួយកន្លែង ស្ថិតនៅភាគខាងជើង រដ្ឋ Maryland នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង ៤នាក់ទៀតរងរបួសធ្ងន់។

បើតាមប៉ូលីសក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងមានអាយុប្រហែលជាជាង ២០ឆ្នាំ ប៉ុន្ដែភ្លាមៗគេមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយ ហើយខ្មាន់កាំភ្លើងរូបនោះបានរងរបួសបន្ទាប់ពីបាញ់តដៃជាមួយប៉ូលីស ខណៈដែលព្យាយាមរត់គេចខ្លួននៅក្នុងរថយន្ដ ប៉ុន្ដែរត់មិនបានសម្រេចនោះទេ។
ក្រោយចាប់ខ្លួនទាំងខ្មាន់កាំភ្លើង និង ប៉ូលីស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីព្យាបាលរបួសដោយគ្រាប់កាំភ្លើង នៅក្នុងការបាញ់ប្រហារដ៏ធំជាបន្តបន្ទាប់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក។

ទាក់ទិននឹងករណីនេះ ប៉ូលីសមិនទាន់មានការបញ្ជាក់ពីមូលហេតុ ឬ ចេតនា នៃការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្ដែបានដឹងថា ខ្មាន់កាំភ្លើង និង ជនរងគ្រោះទាំងអស់ គឺជាបុគ្គលិករបស់ក្រុមហ៊ុន Columbia Machine ក្នុងទីក្រុង Smithsburg ភាគខាងជើង រដ្ឋ Maryland ក្បែររដ្ឋ Pennsylvania។ ប៉ូលីសបន្ដថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិ។

ជុំវិញស្ថានការណ៍បាញ់ប្រហារនេះ អ្នកនាំពាក្យក្រុមហ៊ុនខាងលើបាននិយាយថា ក្រុមហ៊ុនកំពុងសហការជាមួយអាជ្ញាធរ ដើម្បីស៊ើបអង្កេតលើការបាញ់ប្រហារនេះ ប៉ុន្ដែក្រុមហ៊ុនបានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីបន្ថែមនោះទេ៕

