ភ្នំពេញ ៖ ក្រុមក្មេងទំនើង ហស្សនាម ដាវទេព ចំនួន១៦នាក់ ស្រី៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាព បង្កអសន្តិសុខ អុកឡុក ប្រដាប់ដោយកាំបិត ដាវ ធ្វើសកម្មភាពកាប់ម៉ូតូ ក្មេងសិស្សសាលាវិទ្យាល័យជម្ពូវ័ន នៅហាងកាហ្វេមួយកន្លែង នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៥៧នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុសស្រីទាំងនោះ មានចំនួន៥នាក់ជាជនដៃដល់ ប្រើប្រាស់កាំបិត ដាវ ទៅធ្វើសកម្មភាពកាប់ម៉ូតូ របស់សិស្សសាលាជម្ពូវ័ន កំពុងប្រមូលផ្តុំគ្នា ផឹកស៊ី នៅហាងកាហ្វេ ចំណុចខាងលើកាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ខូចខាតម៉ូតូចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់។ក្រោយពីមានការស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់បង្ក្រាបចាប់ខ្លួនបាន ក្រុមក្មេងទំនើងប្រុសស្រីចំនួន១៦នាក់ ស្រី៣នាក់ មានរហស្សនាម ក្រុមដាវទេព នារសៀលច្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយពីចាប់ខ្លួនបានក្រុមក្មេងទំនើងទាំងនោះ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។

បើតាមប្រជាពលរដ្ឋ ក្រុមក្មេងជាសិស្សសាលា ទាំងស្រី ទាំងប្រុស មួយចំនួន ប្រមូលផ្តុំគ្នា ចូលផឹកភេសជ្ជៈ បន្លំផឹកស្រា ខ្លះជក់ទាំងបារី ដែលពួកគេទាំងនោះមកពីសាលាផ្សេងៗគ្នា ប្រមូលផ្តុំ ពពាក់ពពូន នៅតាមហាង ផ្ទះអ្នកលក់ ស្ទើររាល់ថ្ងៃរហូតដល់មានជម្លោះកើតឡើង មិនទាន់ឃើញមានខាងណាមានវិធានការនោះឡើយ៕

អត្ថបទ៖តាតុង សែនជ័យ

Share.