ភ្នំពេញ៖  រថយន្ដចំនួន ២ គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងសងខាងខ្ទេចស្ទើរតែទាំងស្រុង  និងបណ្ដាលឲ្យអ្នកបើកបរ ម្នាក់របួសធ្ងន់។

ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែមិថុនា  ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ១  ក្នុងសង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញ  រថយន្តស៊េរីទំនើបម៉ាក  Santafe មួយគ្រឿង  ពណ៌សពាក់ ស្លាកលេខកម្ពុជាNOV-RINA បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីលិចទៅកើត។

លុះពេលធ្វើដំណើរបត់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តប្រភេទសណ្ដោងកុងតឺន័រមួយគ្រឿង  ពាក់ស្លាកលេខភ្នំពេញ 3C-5193 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតទៅលិច  ។

ពេលនោះ រថយន្តទាំងពីរក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យ  រថយន្តស៊េរីទំនើបម៉ាក Santafe រងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណំ និងបង្កឲ្យបុរសជាអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ គ្លីនិកឯកជន  ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗបន្ទាប់ពីកើតហេតុ។

ចំណែកឯរថយន្តសណ្ដោងកុងតឺន័រ  វិញទទួលរងការខូចខាតចំផ្នែកខាងមុខ  ខ្ទេចស្ទើរតែទាំងស្រុង។

ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះក៏មានវត្តមានរបស់កងកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅទីតាំង កេីត ហេតុរួច ធ្វើ ការ ត្រួតពិនិត្យជុំវិញករណីនេះទៀតផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅវាស់វែង  រួចយករថយន្តទាំង២  ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

អត្ថបទ៖លី សុភ័ស្ត

Share.