កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មិថុនា (ម៉ោងក្នុងស្រុក) អង្គការសហប្រជាជាតិ (UN) បានថ្កោលទោស ចំពោះការបាញ់សម្លាប់បុគ្គលិកអង្គការសុខភាពពិភពលោក (WHO) នៅភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា ដែលជាការធ្វើឃាតចុងក្រោយបំផុតស្ដែងឲ្យឃើញនូវភាពចលាចលនៅក្នុងប្រទេសចាប់តាំងពីរដ្ឋប្រហារយោធានាឆ្នាំមុន។

អង្គការសហប្រជាជាតិ និង អង្គការសុខភាពពិភពលោក បាននិយាយថា លោក Myo Min Htut ដែលជាអ្នកបើកបររបស់អង្គការសុខភាពពិភពលោក រយៈពេល ៥ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃ ពុធ ពេលលោកកំពុងជិះម៉ូតូក្នុងទីក្រុង Mawlamyine ក្នុងរដ្ឋ Mon ស្ថិតនៅជិតប្រទេសថៃ។
អង្គការសុខភាពពិភពលោកបាននិយាយថា អង្គភាពរបស់ខ្លួនពិតជាភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងមរណភាពរបស់លោក Myo Min Htut។

ការបាញ់ប្រហារនេះកើតឡើង នៅពេលក្រុមសិទ្ធិមនុស្សបាននិយាយថា ជាគំរូនៃការប្រើអំពើហឹង្សា ការសងសឹក និង ការដាក់ពិន័យក្រៅផ្លូវច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ជាកន្លែងដែលអ្នកគ្រប់គ្រងក្នុងតំបន់ និង អ្នកផ្ដល់ព័ត៌មាន ដែលសង្ស័យថាជារបបយោធាត្រូវបានសម្លាប់ស្ទើរតែរៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលយោធា មិនបានឆ្លើយតបចំពោះសំណើរសុំអត្ថាធិប្បាយនោះទេ កាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ។

សូមជម្រាបថា របបយោធាមីយ៉ាន់ម៉ាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតមួយកាលពីឆ្នាំ២០២១ ហើយបានប្រើកម្លាំងសម្លាប់មនុស្ស និង ចាប់ខ្លួនមហាជនជាហូរហែរដើម្បីបង្រ្កាបបាតុកម្ម។ ចាប់តាំងពីពេលនោះមកជនស៊ីវិលបានកាន់អាវុធដើម្បីប្រយុទ្ធជាមួយប៉ូលីស ទាហាន ដោយឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ឲ្យមានការបះបោររបស់ប្រជាជន។
លោក Ramanathan Balakrishnan អ្នកសម្របសម្រួលអ្នកតាំងទីលំនៅរបស់អង្គការសហប្រជាជាតិ បាននិយាយថា UN រំពឹងថា អ្នកដែលសម្លាប់លោក Myo Min Htut នឹងត្រូវទទួលខុសត្រូវ ហើយអំពាវនាវដល់គ្រប់ភាគី និង អ្នកពាក់ព័ន្ធឲ្យគោរពអព្យាក្រឹតភាពរបស់អង្គការសហប្រជាជាតិ និង មនុស្សធម៌៕

