ភ្នំពេញ ៖ ផ្លូវមួយខ្សែ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពងុបែកល្បាប់ ភក់បង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ របស់ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកដំណើរទូទៅ បើទោះជាពុំមានភ្លៀងធ្លាក់ក៏ដោយ។ប្រសិនបើមានភ្លៀងធ្លាក់ទៀត នោះពលរដ្ឋថាច្បាស់ហើយ ក្លាយជាអូរ ល្បាប់ពុំខាន។ ខពលរដ្ឋទទូចស្នើសុំ អាជ្ញាធរ ជួយធ្វើយ៉ាងណាកាយភក់ ឬឈូសឆាយជួសជុលផ្លូវនេះឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។
ផ្លូវមួយខ្សែដែលកំពុងរងការខូចខាតនេះ តភ្ជាប់ពីផ្លូវជាតិលេខ៣ កាត់ភូមិអង្គត្រគៀត ភូមិត្រាំស្លឹក ភូមិកន្ទោកត្បូង ទៅផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ពលរដ្ឋលើកឡើងថា អ្វីដែលមិននឹកស្មានដល់ លោក យ៉ង់ ស៊ីថុល ចៅសង្កាត់កន្ទោក ខណ្ឌកំបូល ក៏មានផ្ទះរស់នៅជាប់កែងរបងវត្ត អង្គត្រគៀត ចំកន្លែងភក់ជ្រាំនោះដែរ លោកអាចមើលឃើញច្បាស់អំពីស្ថានភាពផ្លូវបច្ចុប្បន្ននិងដឹងថាពលរដ្ឋកំពុងជួបការលំបាកប៉ុណ្ណា ចុះហេតុអ្វីមានទុកឲ្យផ្លូវស្ថិតក្នុងសភាពបែបនេះ ?
ដោយសារមានពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវធ្វើដំណើរឆ្លងកាត់ ផ្លូវមួយខ្សែនេះជាចាំបាច់ ទើបនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ តំណាងពលរដ្ឋបានស្នើសុំដល់អាជ្ញាធរ ខណ្ឌ សាលារាជធានីភ្នំពេញ អង្គភាព មន្ទីរ ក្រសួងពាក់ព័ន្ធ មេត្តាជួយសម្រួល ធ្វើយ៉ាងណា ឈូស ឆាយ លុប ជង្ហក់ ទឹក ភក់ គ្រាន់បានធ្វើដំណើរ មិនបានចាក់បេតុង ត្រឹមចាក់ដីបំពេញ ក៏បានដែរ ៕
អត្ថបទ៖តាតុង សែនជ័យ
