បាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូតកំពុងពន្លឿនការស្រាវជ្រាវស្វែងរកជនបាញ់បោះសេរី បណ្តាលឲ្យមន្ត្រីយោធាម្នាក់របួសធ្ងន់ ព្រោះតែជម្លោះពាក្យសម្តីរឿងដីធ្លី។

ប្រភពប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា ករណីផ្ទុះអាវុធមួយប្រាវនេះ ផ្តើមឡើងដោយសារទំនាស់ពាក្យសម្តីរឿងដីធ្លីមួយកន្លែង ឋិតក្នុងស្រុកសំឡូត ដែលបង្កឡើងដោយមន្ត្រីយោធាមួយរូបត្រូវបានគេស្គាល់ជានាយរងការិយាល័យទី២ របស់កងពលតូចលេខ ៥២ បានរងរបួសធ្ងន់ធ្ងរ ខណ:ភាគីជម្លោះម្ខាងទៀតជាមន្ត្រីយោធាដូចគ្នា បានទាញកាំភ្លើងខ្លីបាញ់តម្រង់លើជនរងគ្រោះចំនួន ២គ្រាប់បណ្តាលឲ្យរបួសជើង និងធ្លាយពោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានបញ្ជាក់ប្រាប់នៅថ្ងៃទី ០៩ ខែមិថុនា ថា ករណីផ្ទុះអាវុធនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភ្នំព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនបង្កឈ្មោះគឹម សុខា ហៅ០៧ ក្រោយឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់ជាមួយគ្នា រឿងដីព្រំចម្ការមួយសន្ទុះក៏ឈានដល់ការដកកាំភ្លើងខ្លីបាញ់ចំនួន ២គ្រាប់លើជនរងគ្រោះឈ្មោះទួន សុធា របួសធ្ងន់ បាក់ស្មងជើងខាងស្ដាំ និងធ្លាយពោះតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចស្រុកសំឡូត កំពុងដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវនៅកន្លែងកើតហេតុតំបន់ព្រៃ និងចម្ការ រួមទាំងកន្លែងក្បែរគ្នា ព្រោះលក្ខណៈភូមិសាស្ត្រស្មុគស្មាញជាប់ព្រំដែនស្រុកផ្សេងមួយទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.