ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រអ៊ូរទាំបញ្ហាផ្លូវ ចេញចូលក្នុងភូមិ ត្រូវទឹកជន់លិច មិនថាខែប្រាំង មិនថាខែវស្សា លាយឡំជាមួយទឹកស្អុយដែលត្រូវបានបង្ហូរចេញពីតាមផ្ទះ ដោយសារគ្មានបណ្តាញលូបង្ហូររំដោះចេញ ខណៈដែលអមសាខាងផ្លូវ ត្រូវបានគេចាក់ដីលើកខ្ពស់ជាងផ្លូវ ទើបធ្វើឲ្យទឹកនៅដក់ ជន់លិចបែបនេះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ពីមុនមក អមសងខាងផ្លូវមានប្រឡាយ គ្រាន់រំដោះទឹកហូរចេញទៅប្រឡាយមេ ទើបតែប៉ុន្មានឆ្នាំមកនេះ ប្រឡាយបាត់អស់ ប្រព័ន្ធលូក៏គ្មាន ម្យ៉ាងដីឡូត៍អមសងខាងផ្លូវ ត្រូវបានគេចាក់លើកឲ្យខ្ពស់ទៀត។លើសពីនេះ ទឹកស្អុយ ដែលគេបង្ហូរចេញពីតាមផ្ទះ ហូរចាក់មកលើផ្លូវ ទើបធ្វើឲ្យផ្លូវបេតុងចូលភូមិ មិនថាខែប្រាំង ខែវស្សា ត្រូវបានទឹកជោរជន់លិច ភាយក្លិនស្ទើរពិបាកទ្រាំ ។

ពលរដ្ឋសំណូមពរផងដែរដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធ មេត្តាជួយចុះទៅពិនិត្យ និងរកវិធីដោះស្រាយ ខណៈដែលសាងសង់ផ្លូវបេតុងបានហើយ បែរជាទឹកស្អុយជន់លិចទៅវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.