បាត់ដំបង៖ ស្ត្រីម្នាក់កំពុងឈរធ្វើម្ហូបសុខៗ ស្រាប់តែពស់វែកមកចឹក ត្រង់ខ្នងជើងបណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ៣:០០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ម្តុំភូមិកំពុងសីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការរៀបរាប់ពីក្មួយជនរងគ្រោះបានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា ជនរងគ្រោះឈ្មោះសារ៉ា អាយុ ៤៨ឆ្មាំ រស់នៅភូមិ សង្កាត់កន្លែងកើតហេតុខាងលើ ខណ:កំពុងឈរធ្វើម្ហូបនៅចំហៀងផ្ទះក៏ត្រូវពស់លោតមកចឹករួចវាគេចបាត់ស្រមោល ហើយជនរងគ្រោះបានស្រែកឲ្យគេឯងជួយ ពេលនោះស្រាប់តែអ្នកភូមិស្រែកសួរថាកើតអី ។
ភ្លាមៗ ឯជនរងគ្រោះបានស្រែកឆ្លើយតបប្រាប់ថាពស់វេកចឹកហើយ រំពេចនោះពស់ក៏បានស្ទុះចេញពីរន្ធនៅក្បែរនោះ ប្រុងនឹងខាំម្តងទៀត ប៉ុន្តែត្រូវអ្នកស្រុកស្រែកផ្អើលឆោឡោឡើង ហើយពស់នោះវាចូលរន្ធវិញទៅ។

បច្ចុប្បន្ន ស្ថានភាពស្ត្រីជនរងគ្រោះនៅមិនទាន់ធូរស្រាលនៅឡើយ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកពស់វែកមានពិសដែលចឹកស្រ្តីរងគ្រោះមានទំហំប៉ុនកដៃ និងទម្ងន់ ១,៧Kg ក្រោយកើតហេតុអ្នកភូមិជីករន្ធនឹងបានវាយសម្លាប់ពស់វែកនោះតែម្តង ៕
អត្ថបទ៖ ដំបងក្រញូង

