ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រមប្រកាសឱ្យប្រើមាត្រា១៤០ថ្មីនៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ។ នេះបើតាមព្រះរាជក្រមដែលឡាយព្រះហស្ថលេខា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ។

បើតាមព្រះរាជក្រម មាត្រា៤០ថ្មី ចែងថាគណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១រូប។ គណៈអភិបាលខេត្តមានចំនួនចាប់ពី៧រូបទៅ១១រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥ទៅ៧រូប។ ជាមួយគ្នានេះ ចំនួនជាក់ស្ដែងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថាមុនពេលវិសោធនកម្ម មាត្រា៤០នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន៧រូប ចំនួនគណៈអភិបាលខេត្តមានចាប់ពី៣រូបទៅ៧រូប ខណៈចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចាប់ពី៣រូបទៅ៥រូប។

រាជរដ្ឋាភិបាលបានអះអាងថាការវិសោធនកម្មនេះ គឺដើម្បីឆ្លើយតបនឹងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គម ពិសេសក្នុងពេលកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានផ្ទេរមុខងារ សិទ្ធិ អំណាច ​ធនធាន តួនាទី និងការទទួលខុសត្រូវកាន់តែច្រើនពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន៕

Share.