កណ្តាល ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីម បើកបុកកន្ទុយរថយន្តកំពុងឈប់ខូចនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតនៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1597 សណ្តោងសឺម៉ីរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-2364 បើកបរដោយឈ្មោះ ឡា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តបានខូច ទើបចតឈប់ចិញ្ចើមផ្លូវ មិនទាំងទាន់បានជួសជុលហើយផង ស្រាប់តែនៅវេលាម៉ោងខាងលើ មានម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DL-0156 បើកបរដោយឈ្មោះ សុខ ប៊ុនធា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ខេត្តកណ្តាល បានបើកពីត្បូងទៅជើង លឿនជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទាំងរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.