បាត់ដំបង៖ រថភ្លើងដឹកអ្នកដំណើរបានបុករថយន្តសេរីទំនើបមួយគ្រឿង ខណះឆ្លងកាត់ផ្លូវ បណ្តាលខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ផ្តើមចេញពីការធ្វេសប្រហែសរបស់ភាគីខាងរថយន្តនេះបានកើតឡើងនៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថភ្លើងប្រភេទដឹកអ្នកដំណើរ ដែលមានលេខសម្គាល់ AS-១០០៣ បានធ្វើដំណើរក្នុងពីត្បូង ទៅជើង ក្នុងទិសដៅភ្នំពេញ -បាត់ដំបង មានដឹកភ្ញៀវពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BQ-២៥៥៧ បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីកើត ទៅលិចបើកឆ្លងផ្លូវរថភ្លើងជិតផុតហើយក៏ត្រូវរថភ្លើងមកដល់បុកពេញទំហឹងបណ្តាលអោយប៉ះពាល់ខូចខាតផ្នែកក្រោយចំហៀងផ្នែកខាងឆ្វេង ចំណែករថភ្លើងខូចខាតបែកកញ្ចក់ភ្លើងហ្វាខាងមុខ ប៉ុន្តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

បន្ទាប់ពីហេតុការណ៍កើតឡើងម្ចាស់រថយន្តទាមទារអោយខាងភាគីរថភ្លើងសងសំណងលើការខូចខាតព្រោះកំណាត់ផ្លូវបំបែកដែលរថយន្តឆ្លងកាត់នេះពេលរថភ្លើងជិតមកដល់មិនមានភ្នាក់ងារប្រាប់ដំណឹងឡើយ។ ជាមួយគ្នាកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះទៅនាំយករថយន្តទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.