ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បើកលឿនហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តទ្រុង បណ្តាលឲ្យរបូតគន្លឹះធ្លាក់កាប៊ីនខ្ទេច រីឯរថយន្តក្រុងកៀបជាប់ទ្រុងក្រោយ បែកកញ្ចក់ខ្ចាយ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតាមមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តទ្រុង ម៉ាកFUSO ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4965 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បន្ថយល្បឿន ហើយហ្វ្រាំងឈប់ ដោយសារមានយានផ្សេងឆ្លងកាត់ខាងមុខ ស្របពេលនោះស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរខ្សែលេខ4B ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ37 3-0130 បើកលឿនពីលិចទៅកើត ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់ពីក្រោយរថយន្តទ្រុង បណ្តាលឲ្យរថយន្តទ្រុងរបូតគន្លឹះធ្លាក់កាប៊ីន រងខូចខាតដំណំ ចំណែករថយន្តក្រុងកៀបជាប់ទ្រុងរងខូចខាតបែកកញ្ចក់ខ្ទាយ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅសម្រួលចរាចរ រួចប្រគល់ឲ្យជំនាញចុះទៅវាស់វែង និងជួយសម្រួលចរាចរ។ ហើយភាគីខាងរថយន្តក្រុងក៏បានចោទប្រកាន់ ថាមកពីរថយន្តទ្រុងជាន់ហ្វ្រាំងឈប់ ទើបគេបើកបុកពីក្រោយបែបហ្នឹង ដោយនិយាយគ្នាមិនត្រូវ ទើបខាងរថយន្តទ្រុងស្នើរសុំសមត្ថកិច្ចឲ្យយករថយន្តទាំងពីរទៅរក្សាទុករងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទ ៖ តាតុង សែនជ័យ

Share.