ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងការជួញដូរអាវុធ (ដាវសាំម៉ូរ៉ៃ) ដោយខុសច្បាប់ ។
ជនសង្ស័យឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរដាវសាំម៉ូរ៉ៃ មានទីលំនៅ ផ្ទះជួលលេខ ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ67BT ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបទីតាំង និងជួញដូរអាវុធ ដាវសាំម៉ូរ៉ៃ ដោយខុសច្បាប់ ស្ថានីយប្រេងឥន្ធនៈPtt ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យ ឈ្មោះ ទីវ ឈុនទី បានប្រកាស ផ្សព្វផ្សាយ ដាក់លក់ដាវសាមូរ៉ៃនៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឱ្យអតិថិជនដែលចង់ទិញដាវសាមូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខផ្ទាល់ខ្លួន ។

ក្រោយពីឃាត់ខ្លួនបាន នៅយប់ថ្ងៃដដែល នគរបាលនាំជនសង្ស័យទៅឆែកឆេរដល់ផ្ទះជួល នៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដកហូតបានដាវសាំម៉ូរ៉ៃចំនួន១៩០ដើម។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅការិយាល័យជំនាញ រហូតដល់ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ រួចបញ្ជូនទៅតុលាកាក្រុងភ្នំពេញ អនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

