ភ្នំពេញ ៖ រថយន្តឡិចសុីសNX200tមួយគ្រឿងបើកលឿន វ៉ាក់អើង ជនរុលទៅបុកម៉ូតូរុឺម៉កដឹកធ្យូងឆ្លងកាត់ទទឹងផ្លូវ ធ្លាក់អ្នកបើកបររបួសធ្ងន់ម្នាក់ រថយន្តរុញរុឺម៉កជិត៥០ម៉ែត្រ ខ្ទេចរថយន្តផ្នែកខាងមុខ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរុឺម៉កដឹកធ្យូង បើកឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ទាំងអត់មានភ្លើងសញ្ញាចំហៀង ក្រោយ ស្រាប់តែរថយន្ត ម៉ាកឡិចសុីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា J.LIN.66 បើកពីកើតទៅលិចល្បឿនលឿន វ៉ាក់អើ ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីទទឹង បណ្តាលឲ្យធ្លាក់អ្នកបើកបរ រងរបួសធ្ងន់ ហើយរថយន្តរុញរុឺម៉កជិត៥០ម៉ែត្រទើបខ្ទាតចេញពីគ្នា រងខូចខាតរថយន្តផ្នែកខាងមុខខ្ទេច រុឺម៉កម៉ូតូកាច់បត់តួរជាពីរ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ជនរងគ្រោះម្នាក់ជាអ្នកបើកម៉ូតូរុឺម៉ក ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែករថយន្ត និងម៉ូតូរុឺម៉ក សមត្ថកិច្ចចុះទៅសម្រួលចរាចរ ហើយបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.