មន្រ្តីក្នុងតំបន់បាននិយាយនាថ្ងៃអាទិត្យ ទី ១២ ខែ មិថុនា (ម៉ោងក្នុងស្រុក) ថា កង​កម្លាំង​រុស្ស៊ី​បាន​បំផ្ទុះ​ស្ពាន​ត​ភ្ជាប់​ទីក្រុង​ Sievierodonetsk ដែលជាស្ពានសម្រាប់​ជម្លៀស​ជនស៊ីវិល​ទៅ​ទីក្រុង​មួយទៀត​។

ទីក្រុង​ Sievierodonetsk បាន​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​ការប្រយុទ្ធ​ដើម្បី​គ្រប់​គ្រង​តំបន់​ Donbas ភាគ​ខាង​កើត​របស់​អ៊ុយក្រែន​។​ ផ្នែក​ខ្លះ​នៃ​ទីក្រុង​ត្រូវបាន​បំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​អាក្រក់​បំផុត​ចាប់​តាំង​ពី​វិមាន​ក្រឹមឡាំង​ឈ្លាន​ពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤​ ខែ កុម្ភៈ​ ឆ្នាំ ២០២២ មក​។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelensky បាន​និយាយ​​នៅក្នុងវីដេអូ​មួយនាយប់ថ្ងៃអាទិត្យ​ថា «គោលដៅ​យុទ្ធសាស្រ្ត​សំខាន់របស់​អ្នក​កាន់កាប់​មិន​ផ្លាស់​ប្ដូរទេ​។ ពួកគេ​កំពុង​បន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក​​នៅក្នុង​ទីក្រុង Sievierodonetsk»។

អភិបាលខេត្ត Luhansk លោក Serhiy Gaidai បាននិយាយ​ថា កងកម្លាំង​អ៊ុយក្រែន​ និង រុស្ស៊ី​នៅតែ​កំពុង​ប្រយុទ្ធគ្នា​នៅ​តាមដង​ផ្លូវ​នៅទីនោះកាលពីថ្ងៃអាទិត្យ​។​

កង​កម្លាំង​រុស្ស៊ី​បាន​ដណ្ដើម​យក​ទីក្រុង​ភាគច្រើន​ ប៉ុន្ដែទាហាន​អ៊ុយក្រែន​នៅតែ​គ្រប់គ្រងតំបន់​ឧស្សាហកម្ម​ និង រោងចក្រ​គីមី Azot ដែល​ជាកន្លែង​ដែលជនស៊ីវិល​រាប់រយ​នាក់​កំពុងជ្រក​កោន។

លោក Gaidai បាននិយាយថា​ ប៉ុន្ដែជន​ជាតិ​រុស្ស៊ី​បាន​បំផ្លាញ​ស្ពាន​ឆ្លង​កាត់​ទន្លេ Siverskyi Donests ដែលតភ្ជាប់ទីក្រុង Sievierodonetsk ជាមួយនឹងទីក្រុង​ភ្លោះ​ Lysychansk របស់ខ្លួន​។ ដោយបន្សល់តែស្ពានចំនួន ១ ក្នុង​ចំណោម​ស្ពាន​ទាំង​ ៣ ក្នុងតំបន់​នោះ។

លោកបន្ដថា «ប្រសិនបើការបាញ់គ្រាប់​ផ្លោង​កម្ទេច​ស្ពានដែល​នៅសល់​ឲ្យ​ដួលរលំ​ ទីក្រុង​នឹង​កាត់ផ្ដាច់​។ វាគ្មាន​ផ្លូវ​ចាក​ចេញ​ពី​ទីក្រុង Sievierodonetsk ដោយយានជំនិះឡើយ»។​ លោក​បានបញ្ជាក់ និង កត់សម្គាល់​ពី​កង្វះកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ និង គ្មាន​ច្រក​របៀង​ដែលត្រូវបាន​ព្រម​ព្រៀង​ឡើយ។

ដោយឡែកប្រធានរដ្ឋបាលទីក្រុង Sievierodonetsk បាននិយាយថា ជាង​មួយ​ភាគបី​នៃទីក្រុង​នេះ នៅ​តែ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់កង​កម្លាំង​អ៊ុយក្រែន​ ដោយមាន​ប្រហែល​ ពីរភាគបី ស្ថិត​នៅ​ក្នុង​ដៃ​របស់​រុស្ស៊ី។ លោកប្រធាន​រដ្ឋបាល​បានប្រាប់​ទូរទស្សន៍​ជាតិ​ថា «កងកម្លាំង​របស់យើង​ កំពុងឈរលើបន្ទាត់ខ្សែការពារ​យ៉ាងរឹង​មាំ»។

ប្រភព៖ CNA

Share.