ភ្នំពេញ ៖ ស្ត្រីម៉េម៉ាយកូន៤ ខណៈដែលកំពុងដើរឆ្លងថ្នល់ ត្រូវបានម៉ូតូកង់បីបើកបុកកិន បណ្តាលឲ្យដេកដួលស្លាប់នៅកន្លែង ហើយម៉ូតូកង់បីបើករត់គេចទៅបាត់ស្រមោល បន្សល់ទុកតែសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ទល់មុខក្លោងទ្វារវត្តជន្លង់ម្លូ ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពស្ត្រីរងមាន ឈ្មោះ បឿន ស្រីពៅ អាយុ៦៧ឆ្នាំ មុខរបរលក់នំ នៅតាមមុខរោងចក្រ ជាស្ត្រីម៉េម៉ាយ មានកូនចំនួន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ រស់នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីផ្ទះ កាន់យួរ ធុងស្ពេត្រូ ទៅលក់នំនៅមុខរោងចក្រដូចសព្វដង ។ ខណៈដែលជនរងគ្រោះ កំពុងដើរឆ្លងថ្នល់ ជិតផុតទៅហើយ ស្រាប់តែមានម៉ូតូកង់បី ពណ៌លឿង មួយគ្រឿង បើកល្បឿនលឿន ពីត្បូងទៅជើង បុកជនរងគ្រោះហើយ កិនចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមចេញតាមត្រចៀក។រីឯម៉ូតូកង់បីឃើញសភាពមិនស្រួល បន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ជនរងគ្រោះ ភ្លាមៗត្រូវបានក្រុមគ្រួសារ កូនចៅ នៅផ្ទះក្បែរនោះនាំគ្នាលើកទៅដាក់កៀនខាង លុះរថយន្តគ្លីនិកមកដល់បំណងដឹកយកទៅសង្គ្រោះ ដល់ពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ។ ករណីខាងលើនេះ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ រកម៉ូតូកង់បី មកដោះស្រាយ តាមបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ៕
អត្ថបទ៖តាតុង សែនជ័យ
