បាត់ដមបង៖ កសិករស្រុកសំឡូតចាប់ផ្តើមប្រមូលផលទុរេនប្រកបដោយក្តីរីករាយដោយសារឆ្មាំនេះទុរេនផ្តល់ទិន្នផលច្រើន និងតម្លៃល្អ។

ម្ចាស់ចម្ការយ៉ីហោ ប៉ាម៉ាក់ខ្ញុំ លោក ថាក់ ឡេលីន រស់នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ហេតុផលនៃការដាំដុះរុក្ខជាតិធុរេនដោយសារតំបន់មួយភាគរបស់ស្រុកសំឡូតដីមានជីវជាតិ ហើយអំណោយផល និងគាត់សម្លឹងឃើញថាដំណាំទុរេនមានតម្លៃល្អអាចបង្កើនជីវភាពបានធូរធារ។

ក្រោយការពង្រីកផ្ទៃដីដាំដុះពី ១ហិកតា មកដល់បច្ចុប្បន្នចំនួន ៧ហិកតា ស្មើរជិត ២០០០ដើម ក្នុងនោះដើមទុរេនចំនួនជិត ២០០០ដើមកំពុងប្រមូលផលលក់ដូរបានកាក់កបល្អប្រសើរ ក្នុងមួយឆ្នាំទុរេនហុចផលបានប្រាក់ប្រមាណជាង ១០០លានរៀល។ លោកមានមោទនភាពព្រោះថាទុរេនដែលកសិករផលិតបាន គឺកសិករជាអ្នកកំណត់តម្លៃខ្លួនឯង។

កសិករម្ចាស់ចម្ការយ៉ីហោឈ្មោះ ប៉ាម៉ាក់ខ្ញុំ បានបន្តថា បច្ចុប្បន្នផ្លែធុរេនចាស់ជិតទុំលក់បានតម្លៃ ២០០០០រៀលក្នុងមួយគីឡូក្រាម រីឯធុរេននទុំលក់បានតម្លៃ២២០០០រៀល និងកាលពីដើមរដូវលក់បានក្នុងតម្លៃ២៥០០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីអតិថិជនជាអាជីវករបញ្ជាទិញ នៅមានភ្ញៀវដើរលំហែរក្នុងស្រុកមួយចំនួនធំទៀតបានចុះមកទិញដល់ចម្ការផ្ទាល់ ទុរេនរបស់លោកក៏មានទីផ្សារចែកចាយ ២៥ខេត្ត ក្រុង តាមការបញ្ជាទិញតាមផេកហ្វេសប៊ុកជាច្រើនផងដែរ ពិសេសបណ្តាខេត្តបាត់ដំបង ក្រុងភ្នំពេញ បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។

លោក ថាក់ ឡេលីន បញ្ជាក់បន្ថែមដែរថា ដើម្បីជៀសវាងករណីយកទុរេនពីក្រៅប្រទេស បន្លំថាផ្លែទុរេនស្រុកសំឡូត ទាំងទុរេនសំឡូតទើបតែក្តិបមិនទាន់ធំល្អផងនោះ មន្ត្រីនៃមន្ទីរកសិករកម្មរុក្ខាប្រមាញ់ខេត្តបាត់ដំបង បានសហការយ៉ាងល្អជាមួយកសិករគ្រោងធ្វើ QR code បិតលើទងទុរេនដើម្បីបញ្ជាក់ដល់អតិថិជនឲ្យបានដឹងពីផលិតផលទុរេនសំឡូតពិតប្រាកដ ឬមិនមែន ម៉្យាងទៀតផ្លែទុរេនសំឡូតចាប់ផ្តើមទុំនៅអំឡុងដើមខែ មិថុនា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ ក្រៅពីនេះជាទុរេននាំចូលពីក្រៅប្រទេសទេ ទាំងគុណភាពក៏មិនដូចទុរេនក្នុងស្រុកដែរ ហើយចំពោះសាច់ទុរេនខ្មែរវិញមានពណ៌ទឹកដោះគោ ចំណែកសាច់ទុរេននាំចូលពីក្រៅប្រទេសមានពណ៌លឿងមិនឈ្ងុយ និងរសជាតិមិនខ្ទឹះឡើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.