ភ្នំពេញ÷ បុរសម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបុកគូធរថយន្តចតចោលនៅចិញ្ចើមផ្លូវ កាលពីកាលពីវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើកម៉ូតូធំមួយគ្រឿងម៉ាក YAMAHA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1DB-5773 ធ្វើដំណើរតាមបណ្ដោយផ្លូវទន្លេសាប ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខការដ្ឋានសំណង់មួយកន្លែង ក៏រ៉េចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿង ដោយកន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-8003 ឯក្បាលពាក់ស្លាកលេខភ្នំពេញ 3F-1498 ដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលឱ្យម៉ូតូគៀបជាប់ពីក្រោយរថយន្ត ឯអ្នកបើកបររងរបួសធ្ងន់ បាក់ជើងម្ខាងត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ព្រមទាំងនាំយករថយន្តនឹងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ លី សុភាស

