ភ្នំពេញ៖បុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2-1730 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 1711 ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បត់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BM-7975 បើកបរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹងបណ្ដាល ឲ្យរថយន្តព្រូសពណ៌ប្រផេះ ខ្ទាតទៅបុកបង្គោលភ្លើង 1 ដើម រងការខូចខាតរថយន្ដយ៉ាងដំណំផ្នែកខាងមុខ។ ឯរថយន្តព្រូសពណ៌ទឹកប្រាក់ រងការខូចខាតក្រពិតទ្វារ ចំនួន 2 និងដាច់កាឡេកង់ ទៅមុខលែងរួច តែជាសំណាងល្អក្នុងករណីនេះ មិនបង្កអោយមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង 2:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2022។ ក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្ដទាំងពីរគ្រឿងយកទៅ រក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.