សៀមរាប៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងដំណើរច្រាសទិស កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣២២-៣២៣ ស្ថិតក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ជនរងគ្រោះ ឈ្មោះ ឈឿន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-5634 ជិះពីកើតទៅលិច ដល់ចំណុចកើតហេតុ បុកជាមួយរថយន្តបើកច្រាសទិស ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-2591 បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូបាក់ដាច់កង់មុខ អ្នកបើកបររថយន្តឃើញសភាពមិនស្រួល រត់គេចខ្លួនបាត់ ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

