កំពង់ស្ពឺ ៖ នារីវ័យក្មេង២នាក់ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនគេចពីជង្ហុកជ្រុលទៅបុករថយន្តដឹកអុសកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវ៤១ ចំណុចភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ អូន ស្រីកែវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ ។ ទី២ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ ត្រូវជាមិត្តភ័ក្រ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-8826 ឌុបគ្នាល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចពីជង្ហុក រេចង្កូតទៅស្តាំ ជ្រុលបុករថយន្តដឹកអុស ពីចំហៀង ប្រភេទយុីឌុប ម៉ាកMITSUBISHI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1964 កំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ តែលើផ្លូវបញ្ច្រាស បណ្តាលឲ្យនារីរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ ដឹកសពយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកស្រុកបសេដ្ឋ ដើម្បីរងចាំប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

