ស្វាយរៀង៖ ម៉ូតូហុងដាឌ្រីមសេរី ២០២២ មួយគ្រឿងត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោរកជិះយកទៅបាត់ដោយសុវត្តិភាព ខណៈដែលម្ចាស់ជាក្មេងស្រីសិស្សសាលាម្នាក់ ចាក់សោចតទុកនៅខាងក្រោម រវល់តែជាប់រៀនគួរនៅជាន់លើ ចុះមកវិញ ទើបដឹងថាបាត់ នាំគ្នាឆោឡោផ្អើលទាំងសិស្ស ទាំងគ្រូ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណ វិទ្យាល័យស្វាយរៀង អគារ(ញ) ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ រុន ណារី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-5064។
បើតាមក្មេងស្រីម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ បានជិះម៉ូតូទៅរៀនគួរ នៅចំណុចអគារ «ញ» បន្ទប់ជាន់លើ ដោយចតម៉ូតូទុកដាក់នៅក្រោម ចាក់ទាំងសោកត្រឹមត្រូវ លុះចុះមកវិញស្រាប់តែបាត់ម៉ូតូ ទើបនាំគ្នាឆោឡោ ផ្អើលទាំងសិស្ស ទាំងគ្រូ រាយការណ៍ទៅសមត្ថកិច្ច ។

ក្រោយពីបាត់ម៉ូតូអស់មួយគ្រឿង ក្មេងស្រីរងគ្រោះ ត្រូវបានកងរាជអាវុធហត្ថនាំទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន និងបន្តស្រាវជ្រាវ ៕
អត្ថបទ៖ តាតុង សែនជ័យ

